Print this page

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»

 ព្រហស្បតិ៍, 27 កុម្ភៈ 2025 15:01  |    Written by MLVT  |  396 times

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥» ក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

កម្មវិធីបើកសន្និបាត ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមមានវត្តមានចូលរួមរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងបណ្តាក្រសួងស្ថាប័ន, គណៈអភិបាលរាជធានី ខេត្ត, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស, តំណាងសមាគមនិយោជក ដៃគូអភិវឌ្ឍ និងសហជីព សរុបប្រមាណមួយពាន់នាក់។ 

 

ថ្លែងនៅក្នុងពិធីបើកសន្និបាត លោកជំទាវ សុវណ្ណ វណ្ណារតន៍ មានប្រសាសន៍ថា សន្និបាតរបស់ក្រសួងនាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១ ដើម្បីជួបប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងគ្រប់លំដាប់ថ្នាក់, និងទី២ ដើម្បីបូកសរុប វាយតម្លៃនូវលទ្ធផលការងារ ដែលក្រសួងសម្រេចបាននារយៈពេល១ឆ្នាំកន្លងមក និងកំណត់បញ្ហាប្រឈមចម្បងៗ និងផ្តល់ឱកាសទូលំទូលាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រធានអង្គភាព ចែករំលែកនូវឧត្តមានុវត្តន៍ជាក់ស្តែង រួមនិងកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ក្នុងការស្វែងរកដំណោះស្រាយសមស្របលើបញ្ហាប្រឈមទាំងឡាយ ដែលអាចនឹងលេចឡើងនាឆ្នាំខាងមុខ និងពេលអនាគត។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ទោះបីត្រូវជួបនូវបញ្ហាប្រឈមចម្បងៗជាច្រើនទាំងការប្រឈមខាងក្នុងនិងខាងក្រៅ ក្នុងរយៈពេល១ឆ្នាំ កន្លងទៅនេះក្តី ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាពជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងគ្រប់ជាន់ថ្នាក់ បានធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រេចបានសមិទ្ធផល និងវឌ្ឍនភាពជាច្រើន។ 

 

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យមានការពិភាក្សាផុសផុលនៅក្នុងសន្និបាតរបស់ក្រសួងនៅពេលនេះ ពីព្រោះមតិយោបល់ និងធាតុចូលសំខាន់ៗដែលក្រសួងនឹងទទួលបានពីការពិភាក្សានៅថ្ងៃនេះនឹងជួយជំរុញការលើកកម្ពស់ការងារក្រសួងឱ្យកាន់តែប្រសើរថែមទៀត សំដៅរួមចំណែកឱ្យបានជាអតិបរមា ដើម្បីឈានដល់ការសម្រេចបាននូវកម្មវិធីនយោបាយ, ក៏ដូចជាការសម្រេចបានដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននាវាកម្ពុជាឈានដល់ការសម្រេចបានចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

 

លោកជំទាវរដ្ឋលេខាធិការប្រចាំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ជូនរាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

#MLVT #HENGSour