Print this page

ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញផ្ដល់ភ្លើងបូជាសព ឯកឧត្តម អ៊ុំ មាន

 ពុធ, 03 វិច្ឆិកា 2021 11:05  |    Written by MLVT  |  2916 times

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញប្រទានភ្លើងបូជាសព ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលមរណភាពកាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៣:១៦នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

ការទទួលមរណភាពរបស់ ឯកឧត្តម អ៊ុំ មាន គឺជាការបាត់បង់ ស្វាមី បិតា បិតាក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏កម្ររកបាន លោកជាមេគ្រួសារគួរជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុតរបស់បុត្រធីតា និងចៅប្រុសចៅស្រីគ្រប់ៗរូប។ 

 

ការបាត់បង់ ឯកឧត្តម អ៊ុំ មាន គឺជាការបាត់បង់យ៉ាងធំធេងនូវកម្ពុជបុត្រគំរូមួយរូប ដែលក្នុងមួយជីវិតរបស់ឯកឧត្តម បានកសាងនូវគុណបំណាច់រាប់មិនអស់ជូនប្រទេសជាតិ និងមាតុភូមិនៃយើង។

សូមជម្រាបជូនពីដំណើរជីវិត និងជីវប្រវត្តិសង្ខេបរបស់ ឯកឧត្តម អ៊ុំ មាន ដូចតទៅ៖ 

ឯកឧត្តម អ៊ុំ មាន កើតនៅថ្ងៃសៅរ៍ ខែផល្គុន ឆ្នាំច អដ្ឋស័ក ពុទ្ធសករាជ ២៤៩១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៤៩ នៅភូមិចុងខ្សាច់ សង្កាត់លេខ១ រាជធានីភ្នំពេញ ដោយលោកឪពុកមាននាម អ៊ុំ មាស និងមានអ្នកម្តាយនាម នូ នៅ ក្នុងចំណោមបងប្អូនប្រុសស្រីពីរនាក់ក្នុងពោះម្តាយតែមួយ លោកគឺជាកូនទី១ក្នុងគ្រួសារ ។ 

 

កាលវ័យកុមារភាព កុមារា អ៊ុំ មាន រស់នៅក្នុងបន្ទុកឪពុកម្តាយ និងជាកូនប្រុសដែលប្រកបដោយគន្លងធម៌ មានចរិតឫកពារ កិរិយាមាយាទស្លូតបូត សុភាព រាបសារ រមទម្យ មានសេចក្តីព្យាយាមខ្ពស់ក្នុងការសិក្សារៀនសូត្រ និងចេះជួយយកអាសារអ្នកផងគ្នា កត្តានេះហើយបានធ្វើឱ្យកុមារា គួរជាទីស្រលាញ់រាប់អានពីអ្នកផងទាំងពួងក្នុងសហគមន៍ ។ 

យុវជន អ៊ុំ មាន បានរៀបអាពាហ៍ពិពាហ៍ជាមួយ នាងកញ្ញាដ៏ស្រស់សោភាឈ្មោះ ជៃ គឹមយុក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៦៧ សម្រាប់ជាចំណងដៃនៃជីវិតអាពាហ៍ពិពាហ៍នេះ លោកទាំងពីរមានបុត្រប្រុសស្រីចំនួន ០៥នាក់ ស្លាប់០១នាក់ ។

សម្រាប់ប្រវត្តិការងាររបស់ ឯកឧត្តម អ៊ុំ មាន វិញ អំឡុងឆ្នាំ១៩៦៥ ក្រោយពេលបញ្ចប់ការសិក្សា ឯកឧត្តមបានធ្វើជាគ្រូបង្រៀននៅអនុវិទ្យាល័យក្រគរ ខេត្តពោធិ៍សាត់ និង ឆ្នាំ១៩៧០ ដល់ ១៩៧៥ បានធ្វើជាគ្រូបង្រៀនអនុវិទ្យាល័យ នៅអនុវិទ្យាល័យព្រែកលាប។

 

-អំឡុងឆ្នាំ១៩៧៩ ក្នុងស្ថានភាពប្រទេសទើបរួចផុតពីការកាប់សម្លាប់ ការបំផ្លិចបំផ្លាញក្នុងសម័យ ប៉ុល ពត ប្រទេសជាតិត្រូវការធនធានមនុស្ស ដើម្បីចូលរួមស្តា និងអភិវឌ្ឍប្រទេសសាជាថ្មី ឯកឧត្តម អ៊ុំ មាន បានចូលបម្រើការងារនៅអង្គភាពអគ្គិសនីកម្ពុជា រហូតដល់ ឆ្នាំ១៩៩៥ ឯកឧត្តម បានធ្វើការក្នុងនាមជាប្រធាននាយកដ្ឋាននៃសហព័ន្ធសហជីពកម្ពុជា។ 

 

-អំឡុង១៩៩៥ ដល់១៩៩៧ ឯកឧត្តម អ៊ុំ មាន បានចូលបម្រើការងារនៅគណកម្មាធិការគណបក្សប្រជាជនកម្ពុជា (គ៨៥)។ 

-ឆ្នាំ១៩៩៨ ដល់ ២០០៣ ឯកឧត្តម អ៊ុំ មាន បានធ្វើការក្នុងតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៅក្រសួងសង្គមកិច្ច ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយុវនីតីសម្បទា។

-ឆ្នាំ២០០៤ ដល់ ២០០៨ ឯកឧត្តម អ៊ុំ មាន ធ្វើជាអនុរដ្ឋលេខាធិការ

-និងនៅឆ្នាំ២០០៨ ដល់រហូតដល់បច្ចុប្បន្ន លោកគឺជារដ្ឋលេខាធិការ នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

-កាលពីឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ មាន ត្រូវបានជ្រើសតាំងជាសមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងក្របខណ្ឌជាថ្នាក់ដឹកនាំបក្សក្រសួង ឯកឧត្តម ជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងជាប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

ក្នុងនាមជាស្វាមី ជាបិតា និងជាជីតា ឯកឧត្តម លោកតែងរក្សាបាននូវចរិតស្លូតបូត ថ្លៃថ្នូរ សមរម្យ ម៉ឺងម៉ាត់ ជាស្វាមីជាទីគោរពស្រឡាញ់របស់ភរិយា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រធីតា និងចៅប្រុសចៅស្រីគ្រប់ៗរូប លោកបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន គ្រប់បែបយ៉ាងក្នុងបំណងដើម្បីអោយកូនៗគ្រប់គ្នា មានសុខភាពល្អ មានសីលធម៌ល្អ មានសុជីវធម៌ល្អ ជាជនមានការប្រដៅងាយ បានសិក្សារៀនសូត្រ រហូតទទួលបានការងារ មានបុណ្យសក្តិ ឋានៈខ្ពង់ខ្ពស់ និងតួនាទីសំខាន់ៗនៅក្នុងសង្គម ។ 

ក្នុងជីវិតការងាររបស់ឯកឧត្តម អ៊ុំ មាន លោកគឺជាថ្នាក់ដឹកនាំមួយរូបប្រកបដោយគំរូល្អ សម្រាប់មន្រ្តីថ្នាក់ក្រោមឱវាទ លោកមានសីលធម៌ល្អ មានការអធ្យាស្រ័យខ្ពស់ លោកជាមន្ត្រីប្រកបដោយភក្តីភាពចំពោះថ្នាក់ដឹកនាំ ហើយក៏ជាមន្ត្រីគំរូ ស្អាតស្អំ ថ្លៃថ្នូរ ស្មោះត្រង់ វិជ្ជាជីវៈ មានឆន្ទៈ និងមនសិការស្នេហាជាតិខ្ពស់ដោយឥតងាករេ ។ 

 

ឯកឧត្តម អ៊ុំ មាន ក៏ជាពុទ្ធសាសនិកមួយរូប ដែលតែងតែគោរពប្រតិបត្តិនូវឱវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ព្រះជិន្នស្រីនៃយើង។ ជាក់ស្តែងកន្លងមកនេះ ឯកឧត្តមតែងបានចំណាយទ្រព្យធនផ្ទាល់ខ្លួនរួមជាមួយក្រុមគ្រួសារ បុត្រាបុត្រី សាច់សាលោហិត ញាតិមិត្តជិតឆ្ងាយ ដើម្បីធ្វើបុណ្យទាន សន្សំកុសលតម្កល់ទុកជាស្រែបុណ្យ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រជាច្រើនរាប់មិនអស់ផងដែរ៕