Print this page

ឯកឧត្តមបណ្ឌិត អុិត សំហេង អញ្ជើញចូលរួមក្នុងពិធីបុណ្យសព ម្តាយបង្កើតរបស់ឯកឧត្តម  អូស្មាន ហាស្សាន់

 ច័ន្ទ, 28 កញ្ញា 2020 12:16  |    Written by MLVT  |  2984 times

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព លោកស្រី  ហាជ្ជះ សូភ័ស ហាស្សាន់ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម  អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព  នៅថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ៦:៤៥នាទីយប់ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា  ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ព្រមទាំងថ្នាក់ដឹកនាំ  និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់  លោកស្រី ហាជ្ជះ សូភ័ស ហាស្សាន់  ដែលនេះជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌  ដែលបានលាចាកលោក លាចាកពីក្រុមគ្រួសារ   និងជាការបាត់បង់ព្រឹទ្ធាចារ្យដ៏ឆ្នើមមួយរូប ក្នុងការលើកស្ទួយតម្លៃឥស្លាមសាសនា  ដោយសទ្ធាជ្រះថ្លាបរិសុទ្ធ  ព្រមទាំងលាចាកពីយើងខ្ញុំទាំងអស់គ្នា។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទិ្ទសបួងសួងដល់ព្រះ អល់ឡោះ សូមតាមថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី  ហាជ្ជះ សូ ភ័ស ហាស្សាន់ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕