Print this page

ឯកឧត្តមបណ្ឌិត អុិត សំហេង ដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីថ្វាយព្រះរាជកុសល ជូនព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី

 សុក្រ, 22 វិច្ឆិកា 2019 11:44  |    Written by MLVT  |  2885 times

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះរាជកុសល ជូនព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានសោយព្រះទីវង្គត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២:៣០នាទី ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះឯកឧត្ដមរដ្ឋមន្ត្រី និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងអស់ បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណៈទុក្ខជាមួយ អង្គសម្តេចម៉ែ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រមទាំងញាតិវង្សានុវង្ស ចំពោះការបាត់បង់សម្តេចរាជបុត្រីព្រះរាម នាពេលនេះ។ 

ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សូមទ្រង់យាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕