Print this page

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោក Jonathan Ledger ជាអ្នកឯកទេសខាងកិច្ចការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃអគ្គនាយដ្ឋានពាណិជ្ជកម្មអន្តរជាតិ ចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 Friday, 17 November 2017 17:30  |    Written by MLVT  |  3070 times

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យ លោក Jonathan Ledger ជាអ្នកឯកទេសខាងកិច្ចការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃអគ្គនាយដ្ឋានពាណិជ្ជកម្មអន្តរជាតិ ចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ទន្ទឹមនឹងនេះភាគីអង់គ្លេសក៏មានបំណង ចង់ចែករំលែកបទពិសោធន៍ពាក់ព័ន្ធ នឹងប្រព័ន្ធនៃការបណ្តុះបណ្តាលជំនាញដ៏ល្អនៅអង់គ្លេស និងសមត្ថភាព ក្នុងវិស័យនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែង អំណរគុណចំពោះ លោក Jonathan Ledger ដែលបានចាប់អារម្មណ៍ ក្នុងការជួយដល់កម្ពុជានូវការអភិវឌ្ឍនូវ ប្រព័ន្ធ TVET នៅកម្ពុជាដើម្បីឆ្លើយតបបានទៅនឹងការវិវត្តន៍រីកចម្រើនរបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព ធ្វើសេដ្ឋកិច្ចរបស់កម្ពុជាមានការវិវត្តន៍រីក ចំរើនគួរឱ្យកត់សំគាល់។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយ តម្លៃខ្ពស់ចំពោះ បទពិសោធន៍របស់ប្រទេស អង់គ្លេសដែល បង្កើតឱ្យមានប្រព័ន្ធ TVET តាំងពីឆ្នាំ១៦៣២ ដោយចាត់ទុកថាគុណភាពលំដាប់ពិភពលោក ដែលតាមរយៈប្រព័ន្ធនេះ បានធ្វើឱ្យសមត្ថភាពកម្លាំងពលកម្ម របស់អង់គ្លេសមានជំនាញខ្ពស់ចូលរួមអភិវឌ្ឍ ប្រទេសអង់គ្លេសឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍបានយ៉ាង ឆាប់រហ័ស។ ភាគីទាំងពីរបានយល់ឃើញនូវសារៈ សំខាន់ក្នុងការបើកច្រកនូវកិច្ចសហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍ បង្កើតភាពជាដៃគូ ដែលមានសាកលវិទ្យាល័យ វិទ្យាស្ថាន និងអង្គការរបស់រដ្ឋាភិបាល អង់គ្លេសជាច្រើនកំពុងចាប់អារម្មណ៍ ក្នុងផ្តល់កិច្ចសហប្រត្តិបត្តិការភាពជាដៃគូរជាមួយកម្ពុជា។ លោក Jonathan Ledger បានសន្យាថានឹង បន្តការខិតខំបង្កើតឱ្យមានជាគម្រោងកិច្ចសហប្រតិបត្តិលើការអភិវឌ្ឍ ប្រព័ន្ធ TVET នេះ ហើយបានទទួលការគាំទ្រពីស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្ររួចហើយ។ ជាជំហានដំបូង លោកនឹងរៀបចំឱ្យមាន ជាទស្សនកិច្ចសិក្សាជូនមន្រ្តីបច្ចេកទេសកម្ពុជា ទៅកាន់ទីក្រុងឡុងដ៏ ដើម្បីសិក្សាស្វែងយល់ជាក់ស្តែង សម្រាប់ជាមួលដ្ឋានយកមកអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា។ ភាគីទាំងពីរ បានទទួលស្គាល់ថាវាពិតជាជួបនូវកត្តាប្រឈមខ្លាំងណាស់ ក្នុងដំណាក់កាលចាប់ផ្តើម ព្រោះចំណង់ចំណូល ចិត្តអ្នកសិក្សាមិនសូវចង់សិក្សា តាមប្រព័ន្ធ TVET ទេ។ ប្រទេសអង់គ្លេសមានបទពិសោធន៍ដ៏យូរលង់ក្នុងការ ផ្តល់នូវជម្រើសដ៏ល្អសម្រាប់អ្នក សិក្សាឱ្យពួកទទួលស្គាល់ នូវតម្លៃនៃការសិក្សាតាមប្រព័ន្ធ TVET ដែលវាមិនខុសគ្នាពីប្រព័ន្ធអប់រំទេ (Academic) តាមរយៈបទពិសោធន៍ នឹងធ្វើឱ្យយុវជនវ័យក្មេងរបស់កម្ពុជាទទួល ស្គាល់នូវសារៈសំខាន់នៃការសិក្សាតាមតាមប្រព័ន្ធ TVET ដែលពួក គេជាច្រើនមិនបានដឹងពេលចូលក្នុងប្រព័ន្ធ ទីផ្សារការងារ ទើបដឹងថាពួកគេត្រូវតែឆ្លងកាត់ប្រព័ន្ធនេះក្នុងពេលបំរើការងារ។ ជាចុងក្រោយភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះជំនួបប្រកបដោយផ្លែផ្កានាពេលនេះ ហើយនេះវាស្របទៅនឹងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ (TVET-Policy) ហើយដែលបច្ចុប្បន្នគណៈកម្មាធិការជាតិបណ្តុះបណ្តាលបាននឹងកំពុងជម្រុញ ការបង្កើតបន្ថែមទៀតនូវ គោលនយោបាយ ផែការសកម្មភាព និងរៀបចំការងារបច្ចេកទេសនានា សំដៅសម្រេចឱ្យបាននូវគោល ដៅទាំងនេះ។