Print this page

កិច្ច​ប្រ​ជុំ​គណៈកម្មាធិការ​ជាតិ​បណ្ដុះបណ្ដាល​ លើកទីមួយ បន្ទាប់​ពី​បាន​ការ​ឯកភាព​ពីរាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​ពី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី

 Friday, 20 October 2017 17:58  |    Written by MLVT  |  2878 times

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានដឹកនាំកិច្ចប្រជុំលើកទីមួយ បន្ទាប់ពីបានការឯកភាពពីរាជរដ្ឋាភិបាលក្នុងការផ្ទេរការទទួលខុសត្រូវពីទីស្តីការគណៈរដ្ឋមន្រ្តី មកស្ថិតក្រោមការគ្រប់គ្រងនិងទទួលខុសត្រូវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ តាមរយៈអនុក្រឹត្យលេខ ៥១ អនក្រ-បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីឧទ្ទេសនាមរបស់សមាជិក-សមាជិកា គណៈកម្មាធិការជាតិបណ្តុះបណ្តាល ជាមួយរបៀបវារៈចំនួនពីរ

(១) ផ្តល់ជូននូវទិដ្ឋភាពរួមអំពីវឌ្ឍនភាពសំខាន់ៗដែលគណៈកម្មាធិការជាតិបណ្តុះបណ្តាល សម្រេចបាននាពេលកន្លងមក និង

(២) ពិភាក្សា និងស្នើសុំការអនុម័តលើឯកសារមួយចំនួនពាក់ព័ន្ធនឹងដំណើរការនៃការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

ជាលទ្ធផលអង្គប្រជុំបានអនុម័តលើឯកសារគោលនយោបាយចំនួនបួន៖

១. គោលនយោបាយស្តីពីការចុះកម្មសិក្សាសម្រាប់វិស័យ TVET នៅកម្ពុជា។

២. ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា។

៣. គោលនយោបាយស្តីពីការវាយតម្លៃសមត្ថភាព និងការផ្តល់គុណវុឌ្ឍក្នុងការ អបវ”។

៤. កញ្ចប់ស្តង់ដាបណ្តុះបណ្តាល សូមបញ្ចាក់ថា គណៈកម្មាធិការជាតិបណ្តុះបណ្តាល(គ.ជ.ប.ប) មានបេសកកម្ម គឺដើម្បីសម្របសម្រួល ជាមួយក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅអនាគតនៅកម្ពុជា។

សមាសភាពរបស់ គណៈកម្មាធិការជាតិបណ្តុះបណ្តាល មានតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសភាមុខរបរនិង មីក្រូសហគ្រាស តំណាងជិយោជក តំណាងជិយោជិត និងតំណាងអ្នកផ្តល់ការបណ្តុះបណ្តាល មានចំនួន ៤០រូប។