នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិតជាង១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។ នេះជាលើកទី០៨ ហើយដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបបងប្អូនកូនក្មួយកម្មករ បូករួមទាំងការជួបសំណេះសំណាលរៀងរាល់ថ្ងៃអាទិត្យនៅកោះពេជ្រ។ បន្ទាប់ពីជួបសំណេះសំណាលរួចហើយ សម្តេចតេជោ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់អំពីស្ថានភាពបងប្អូនកូនក្មួយកម្មករ និងកម្មការិនី ដែលកំពុងធ្វើការនៅក្នុងរោងចក្រ កាត់ដេរ របស់ក្រុមហ៊ុនសិនចូវ (SHEN ZHOU)ក្នុងសួនឧស្សាហកម្មនេះដែរ។ រោងចក្រកាត់ដេរសំលៀកបំពាក់របស់ក្រុមហ៊ុន សិនចូវ (SHEN ZHOU) មានកម្មករ កម្មការិនីចំនួន២,៣០០នាក់ កំពុងធ្វើការនៅទីនេះលើផ្នែកកាត់ដេរសំលៀកបំពាក់ ដើម្បីនាំចេញទៅទីផ្សារបរទេស។ សម្តេចតេជោ ហ៊ុន សែន ក៍បានពិសារបាយថ្ងៃត្រង់ជាមួយកម្មករកម្មការនី ដោយភាពស្និទ្ឋស្នាល និងរីករាយក្រៃលែង៕