នៅទីស្តីការក្រសួង៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជាអធិបតី ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការ ពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសិក្ខាកាមចំនួន ២៥០នាក់ បានចូលរូមក្នុងវគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងថា ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រ ជាការងារមួយ ចាំបាច់ដែលទាមទារនូវការពង្រឹងសមត្ថភាពជាប្រចាំ ជាក់ស្តែងវគ្គបណ្តុះបណ្តាលរយៈពេល ០៣ថ្ងៃ នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រតាមអង្គភាពក្រោមឱវាទ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យយល់ច្បាស់ពីអនុសាសន៍ទាំង១១ ចំណុចរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាអនុប្រធានកិតិ្តយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ព្រមទាំង យល់ច្បាស់ពី ក្របខណ្ឌគោលនយោបាយលើកកម្ពស់ស្រ្តីភាពជាអ្នកដឹកនាំ នៅតាមក្រសួងស្ថាប័ន គោលគំនិតនៃការបញ្រ្ជាបយេនឌ័រ ខ្លឹមសារយោបល់ សន្និដ្ឋាន ៥២ ចំណុចរបស់គណៈកម្មាធិការ ស៊ី-ដ នៃអង្គការសហប្រជាជាតិ ពិធីសារតាមជម្រើស អំពើហឹង្សាឆ្លើយតបទៅនឹងយេនឌ័រ ព្រមទាំងផែនការ ថវិកាឆ្លើយតបនឹងយេនឌ័រ ជាពិសេសប្រែក្លាយការយល់ដឹងដែលទទួលបាននា ពេលនេះ ឲ្យទៅជាសកម្មភាពជាក់ស្តែងពិតប្រាកដ ។ សម្រាប់ឆ្នាំ២០១៧នេះ ក្នុងការចូលរួមអនុវត្តអនុសាសន៏ ១១ចំណុច របស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានចំណុចពាក់ព័ន្ធចំនួន ០៤ ក្នុងនោះអនុសាសន៏ទី១ អនុសាសន៏ទី៦ ទី៩ និងទី១១ ដែលតម្រូវឱ្យគ្រប់ អង្គភាពក្រោមឱវាទចូលរួម អនុវត្តអោយមានប្រសិទ្ធភាព ហើយសិក្ខាសាលា នាថ្ងៃនេះ គឺជាសារមួយ បង្ហាញពីការចូលរួមក្នុងការអនុវត្ត អនុសាសន៏ ទាំង១១ចំណុចរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី និងក្រុមការងារយេនឌ័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល និងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល តាមរយៈកិច្ចសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និង សង្គមស៊ីវិលនានា នៅក្នុងការលើកកម្ពស់ និងផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើសារៈសំខាន់របស់ស្រ្តី ដោយចាត់ទុកថា “ ស្រ្តីគឺជាឆ្អឹងខ្នង “ ក្នុងការចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិយើង។ រាជរដ្ឋាភិបាល បានផ្តោតទៅលើការធ្វើអោយមាន សមភាពយេនឌ័រ នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គមដែលមានការរើស អើងចំពោះស្ត្រី និងការធានានូវសិទ្ធ និងឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និង ឱកាសចូលរួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍន៍ សេដ្ឋកិច្ច - សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីអោយស្ត្រីអាចជៀសផុតពីអំពើហឹង្សា ការជួញដូរ ការរំលោភសេពសន្ធវៈ និងរាល់ទម្រង់ ដ៏ទៃទៀតនៃអំពើហឹង្សា។ ចំណែកដ៏សំខាន់មួយទៀត ក្នុងកិច្ចការនេះ គឺការយក ចិត្តទុកដាក់បង្កើនសមមាត្រនៃការចូលរួមរបស់ស្រ្តីអោយបានច្រើនជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់កម្រិតតាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។