Print this page

ពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi

 Thursday, 29 June 2017 11:47  |    Written by MLVT  |  3219 times

នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងគណៈប្រតិភូកម្ពុជា បានបន្តដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុង Wu Xi ខេត្តជាងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងដំណើរទស្សនកិច្ចនាឱកាសនេះ ក្រៅពីការពង្រីងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជាបានឈានជើងមួយជំហានទៀត ខិតទៅរកការអភិវឌ្ឍន៍រីកចម្រើនដូចប្រទេសជឿនលឿនដទៃទៀត នៅក្នុងតំបន់ និងក្នុងសាកលលោក ក្នុងនោះការអភិវឌ្ឍធនធានមនុស្សជាការងារអាទិភាពដែលរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ តាមរយ:ការបង្កើតនូវថ្នាលបណ្តុះបណ្តាលគ្រប់កម្រិតទាំងនៅថ្នាក់ជាតិ រហូតដល់ទូទាំងប្រទេស ដើម្បីផ្តល់ឱកាសដល់ប្រជាជន ជាពិសេសយុវជនទទួលបានការសិក្សារៀនសូត្រចាប់ពីថ្នាក់មូលដ្ឋានរហូតឧត្តម និងទទួលបានការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈផងដែរ។ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ ត្រូវបានសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុដែលវិនិយោគដោយភាគីចិន ក្រោមជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ហើយការសាងសង់វិទ្យាស្ថាននេះ គឺក្នុងគោលបំណងជួយបណ្តុះបណ្តាលជំនាញនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល ហើយការបណ្តុះបណ្តាលនេះ មានការទទួលស្គាល់សមត្ថភាព និងស្តង់ដារអប់រំពីវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi នៃខេត្តជាំងស៊ូ ដែលជាខេត្តដែលមានកំណើនសេដ្ឋកិច្ចនាំមុខគេរបស់ប្រទេសចិន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi បានចុះអនុស្សារណៈយោគយល់គ្នាដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

១.ផ្តល់ការបណ្តុះបណ្តាលដល់កម្រិតបរិញ្ញាបត្រលើមុខជំនាញបច្ចេកទេស ភាសា និង ពាណិជ្ជកម្ម ដែលជាតម្រូវការក្នុងតំបន់ និងតម្រូវការទីផ្សាការងារនាពេលបច្ចុប្បន្ន។ នាពេលអនាគត បើមានតម្រូវការ វិទ្យាស្ថាននឹងផ្តល់ការបណ្តុះបណ្តាលដល់កម្រិតអនុបណ្ឌិត (បរិញ្ញាបត្រជាន់ខ្ពស់)។

២.រួមគ្នាធ្វើការស្រាវជ្រាវអំពី TVET សេវាបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍គ្រូបង្រៀន។ វិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi នៃប្រទេសចិន ជាអ្នកផ្តល់ធនធាន និងបណ្តុះបណ្តាលគ្រូបង្រៀនសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

៣.សហប្រតិបត្តិការក្នុងការផ្លាស់ប្តូរវប្បធម៌រវាង កម្ពុជា-ចិន ដើម្បីលើកកម្ពស់ការទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និងពង្រឹងការជឿជាក់ និងសាមគ្គីភាព។ ទន្ទឹមនឹងនេះភាគីទាំងពីរនឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យឆ្លើយតបទៅនឹងតម្រូវការពលកម្មជំនាញស្របពេលដែល បច្ចុប្បន្ននៅកម្ពុជាកំពុងមានការលូតលាស់ផ្នែកឧស្សាហកម្ម និងស្របទៅនឹងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា។ ការបង្កើតនូវអនុស្សរណៈនាពេលនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ដោយរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំប្រមាណ៧ភាគរយ និងការប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដូចនេះវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរវឌ្ឍនភាពនេះ ជាពិសេសក្នុងការជម្រុញឱ្យមានការរីកចម្រើនលើវិស័យឧស្សាហកម្ម សេវាកម្ម និងផលិតកម្ម ហើយវឌ្ឍនភាពនេះមិនអាចសម្រេចទេ ប្រសិនបើខ្វះធនធានមនុស្សដែលមានជំនាញ និងការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យា ពីប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់លើវិស័យនេះ។ ជាក់ស្តែង ប្រទេសចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ បន្ទាប់ពីសាហរដ្ឋអាមេរិក ហើយការរីកចម្រើនដ៏ខ្លាំងក្លានេះ គឺដោយសារភាពជឿនលឿននៃបច្ចេកវិទ្យា និងធនធានមនុស្សក្នុងវិស័យទាំងនេះ៕