Print this page

ជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមអភិបាលក្រុង Wang Quanនិងគណៈប្រតិភូវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi

 Thursday, 29 June 2017 10:57  |    Written by MLVT  |  2867 times

នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងប ណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងគណៈប្រតិភូ ក្រសួងការងារ បានបន្តដំណើរទៅទីក្រុង Wu Xi ដើម្បីពិភាក្សាការងារ ជាមួយឯកឧត្តមអភិបាលក្រុង Wang Quanនិងគណៈប្រតិភូវិទ្យាស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi។ នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមអភិបាលបាន គាំទ្រយ៉ាងខ្លាំងចំពោះគម្រោងសហប្រតិបត្តិការរវាងភាគីទាំងពីរនេះ ដែលនេះជាឱកាសដ៏ល្អប្រសើរ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៃប្រទេសទាំង២ និងសង្ឃឹមថា ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈមិត្តភាព កម្ពុជា-ចិន នេះ នឹងជួយរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្សចំពោះ តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាជួយបណ្តុះបណ្តាលធនធានមនុស្សដល់ប្រទេសកម្ពុជាផងដែរ។ តាមបទពិសោធន៍នៃការអភិវឌ្ឍរបស់ទីក្រុង Wu Xi ឯកឧត្តមបានលើកឡើងថា ដើម្បីឱ្យការអភិវឌ្ឍធ្វើទៅបានគឺត្រូវមាន អង្គការ ឬស្ថានប័ន ជួយបណ្តុះបណ្តាលធនធានមនុស្ស ហើយបច្ចុប្បន្ននៅក្នុងទីក្រុ ងមានសាកលវិទ្យាល័យខ្នាតធំចំនួន ២ និងមានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈកំរិតខ្ពស់ជាង ២០ សព្វថ្ងៃនេះយើងកំពុងយក ចិត្តទុកដាក់បង្កើតធនធានគ្រូបង្រៀនដើម្បីបង្កើតសាកលវិទ្យាល័យអោយកាន់តែច្រើនឡើង។ ឯកឧត្តមបានបន្តថា ការបង្កើតកិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់ ប្រកបដោយនិរន្តរភាព និងភាពជាយុទ្ធសាស្ត្រ ហើយជាមួយនឹងការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ជាពិសេស វត្តមានរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី នៅក្នុងការចុះហត្ថលេខារវាងប្រទេសទាំងពីរ បានលើកទឹកចិត្តដល់ភាគីចិនយ៉ាងខ្លាំង ហើយយើងពិតជាមានទំនុកចិត្តថានឹងអាចទទួលជោគជ័យបាន។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុយើងមានក្រុមហ៊ុនសរុបចំនួន ១០៩ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណជាង ១៦,០០០នាក់ ហើយការទទួលជោគជ័យមកទល់បច្ចុប្បន្ននេះគឺដោយសារមានការគាំទ្រពីប្រទេសកម្ពុជា។ បន្ទាប់ពីបានស្តាប់ភាគីចិនឯកឧត្តមបណ្ឌិត ពិតជាមានការពេញចិត្តជាមួយការលើកឡើងរបស់ភាគីចិន ហើយបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត ជាំងស៊ូ។ ការអភិវឌ្ឍន៍របស់ប្រទេសចិនគឺជាកំលាំងមួយក្នុងការការពារ សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ផងដែរ ហើយកម្ពុជាពិតជាមានភាពសប្បាយរីករាយដោយសារតែយើងមានមិត្តដ៏រឹងមាំ មិត្តដែលខ្លាំង។ កម្ពុជាពិតជាមានការអរគុណដល់មិត្តចិន ដែលកន្លងមកតែងតែគាំទ្រដល់កម្ពុជា ទាំងផ្នែកនយោបាយ ការទូត ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត។ ឯកឧត្តមបន្តថា ស្ថានភាពនៅកម្ពុជាកំពុងតែមានស្ថេរភាព ហើយដំណើរអភិវឌ្ឍន៍កំពុងតែមានដំណើរការល្អ ដោយសារកំណើនសេដ្ឋកិច្ចរបស់យើងក្នុងមួយឆ្នាំ ៧%ហើយទាំងនេះក៏មិនអាចខ្វះបានពីការរួមវិភាគទានរបស់ភាគីចិន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត។ ជាងនេះទៅទៀត ឯកឧត្តមពិតជាមានការពេញចិត្តនូវគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ ដែលពីមុន ជាវាលរហោឋាន ហើយឥឡូវនេះបានប្រែក្លាយខ្លួនជាសួនឧស្សាហកម្មមួយ ហើយយើងអាចចាត់ទុកវាជាកូនបង្កើតរបស់ប្រទេសកម្ពុជា និងជាកូនបង្កើតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពី កម្ពុជា-ចិន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនត្រឹមតែជាតំបន់ឧស្សាហកម្មប៉ុណ្ណោះទេ តែក៏ជាតំបន់ដែលបាន គិតគូរពីកម្មករ ពីការគោរពច្បាប់ និងបទដ្ឋាននានា របស់ក្រសួងការងារផងដែរ។ វាសរបញ្ជាក់ឱ្យឃើញថា នៅទីនោះមានទំនាក់ទំនងរវាងកម្មករ និងថៅកែរោងចក្រល្អ ហើយឯកឧត្តមបណ្ឌិត សូមអរគុណដល់ឯកឧត្តមប្រធានដែលបានគាំទ្រដល់គម្រោងវិទ្យាស្ថានមិត្តភាព កម្ពុជា-ចិន ដែលនៅក្នុងតំបន់សេដ្ឋកិច្ចព្រះសីហនុ។ ឯកឧត្តមបានលើកឡើងថា ប្រទេសចិនដែលមានការអភិវឌ្ឍន៍កំរិតនេះ ពិតជាមានការដឹកនាំមួយដ៏ត្រឹមត្រូវ ជាពិសេសគឺការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ដូចដែលឯកឧត្តមបានលើកឡើងថា មាននៅក្នុងទីក្រុង Wu Xi មានសាកលវិទ្យាល័យធំដល់ទៅ២ និងវិទ្យាស្ថានកំរិតខ្ពស់ជាច្រើន។ ឯកឧត្តមសង្ឃឹមថា កិច្ចសហការ ៣ ភាគីរបស់ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស កម្ពុជា-ចិន និង វិទ្យស្ថានវិជ្ជាជីវៈពាណិជ្ជកម្ម Wu Xi នឹងផ្តល់ឱកាសបណ្តុះបណ្តាលធនធានមនុស្សដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងសម្រាប់ប្រទេសកម្ពុជាទាំងមូល។ យ៉ាងណាក៏ដោយកម្ពុជាក៏បានចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្សជាអាទិភាពទីមួយ និងបានផ្លាស់ប្តូរកំរិតអភិវឌ្ឍន៍របស់ខ្លួនពីប្រទេសដែលមានចំណូលទាប មកប្រទេសដែលមានចំណូលមធ្យមកំរិតទាប ការអភិវឌ្ឍបានដូចនេះគឺបានមកពីធនធានមនុស្សដែលមានសមត្ថភាព ភាគីកម្ពុជានឹងខិតខំប្រឹងប្រែង ហើយសង្ឃឹមថាឯកឧត្តមអភិបាល និងបន្តគាំទ្រនូវគម្រោងនេះ។ ឯកឧត្តមបន្តថាតាមរយះជើងហោះហើរផ្ទាល់ពី ខេត្តជាំងស៊ូមកខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិតសង្ឃឹមថានឹងមានភ្ញៀវទេសចរណ៍ចិនកើនឡើង ១លាននាក់ក្នុង១ឆ្នាំ ហើយឯកឧត្តមក៏បានអំពាវនាវឱ្យភាគីចិនជួយកៀងគរ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ចិន មកកម្ពុជាឱ្យកាន់តែច្រើនផងដែរ៕