Print this page

ពិធីប្រកាសចូលកាន់ មុខតំណែងលោក ជួន វិឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ

 Thursday, 27 April 2017 12:23  |    Written by MLVT  |  4180 times

នៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់ មុខតំណែងលោក ជួន វិឌ្ឍី ប្រធានមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញជំនួសលោកនូ នឹមដែលត្រូវចូលនិវត្តន៍ ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ក្នុងពិធីនោះថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ, បង្កើនឱកាសការងារ, ពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធ្វើឱ្យកម្ពុជា បានឈានដល់ដំណាក់កាលនៃការប្រែ ប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម ព្រមទាំងកំពុងឈានទៅសម្រេចឋានៈជាប្រទេសដែលមានចំណូលកម្រិតមធ្យមនាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តមបន្ថែមទៀតថាដើម្បីផ្សារភ្ជាប់ជាមួយនឹងកម្មវិធីកែទម្រង់ស៊ីជម្រៅស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល ៥ ឆ្នាំ “២០១៤-២០១៨” ដោយប្រមូលផ្តុំលើអាទិភាព ៥ រួមមាន៖ ទី១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ទី២-ការអភិវឌ្ឍការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទី៣-ការអភិវឌ្ឍមុខរបរ និងការងារ ទី៤-ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងានិងទី៥-ការពង្រឹងសេវាសាធារណៈល្អ ដោយអនុវត្តទទួលបានសមិទ្ធផលថ្មីៗជាដើម។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានស្នើដល់ប្រធានមន្ទីរដែលទើបនឹងតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះត្រូវ បន្តជំរុញកំណែទម្រង់អាទិភាពទាំង ៥ នៃផែនការអភិមវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៤-២០១៨ឱ្យទទួលបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា ស័ក្តសមជាមន្រ្តីផ្តល់សេវាជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ត្រូវខិតខំអនុវត្តឱ្យបានមឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងសាលារាជធានីភ្នំពេញផងដែរ៕