Print this page

ពិធីសំណេះសំណាល និងផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

 Monday, 03 April 2017 13:00  |    Written by MLVT  |  3680 times

ខេត្តព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ បានអំពាវនាវដល់កម្មករ-កម្មការិនី ឱ្យទៅប្រើប្រាស់សេវាថែទាំសុខភាព ដោយមិនគិតថ្លៃ បាន ២៤ម៉ោង លើ២៤ម៉ោង នៅតាមមូលដ្ឋានសុខាភិបាលទាំង ១,២២៤កន្លែង ដែលបានចុះកិច្ចព្រមព្រៀងជាមួយ បេឡាជាតិរបបសន្តិសុខសង្គម ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង, ស្ថាប័ន, អង្គភាពពាក់ព័ន្ធ, និយោជក, និងកម្មករ ប្រមាណជា ២,០០០នាក់។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរដល់ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រី បុគ្គលិក នៃក្រសួងសុខាភិបាល ដែលបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ផ្តល់សេវាជូនបងប្អូនកម្មករ-កម្មការិនី ដោយអស់ពីកំលាំងកាយចិត្ត។ លោកបានបន្តថា បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលជីជ្ជជីវៈ បានអនុវត្តគោលរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដែលទើបដាក់ឱ្យដំណើរការ កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ មានកម្មករទៅប្រើប្រាស់សេវាប្រមាណជា ៦៥ពាន់នាក់ ក្នុងចំណោមកម្មករប្រមាណជា ៣០ម៉ឺននាក់ ស្មើនឹង ៣៤៣រោងចក្រ ដែលការអនុវត្តធ្វើឡើងជាជំហានដំបូងសម្រាប់កម្មករនិយោជិតកំពុងបម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ និងរោងចក្រផលិតស្បែកជើង។ គោលរបបថែទាំសុខភាព ដែលត្រូវផ្តល់ជូនបងប្អូនកម្មកររួមមាន៖

១- ទទួលបានសេវាពិគ្រោះជំងឺដោយមិនគិតថ្លៃ

២- ទទួលបានការព្យាបាលដោយមិនគិតថ្លៃ

៣- ទទួលសេវាពិនិត្យសុខភាព មុន និងក្រោយពេលសម្រាកមាតុភាព ៤- ពេលលំហែមាតុភាព ៣ខែ កម្មករទទួលលុយប្រាក់ខែពីរោងចក្រ ៥០% ពី ប.ស.ស ផ្តល់ ៧០% សរុប ១២០% ៥- ទទួលបានថ្លៃសម្រាលកូន ៦- ទទួលបានសេវាថែទាំ និងបង្ការសុខភាពជាដើម។

ឯកឧត្តមបានបន្តថា សុខសន្តិភាព និងស្ថិរភាព តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍលើគ្រប់វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនកម្មករ-កម្មការិនី។ កត្តានេះហើយ លោកក៏សូមសំណូមពរដល់មន្ត្រី បុគ្គលិក នៃបេឡាជាតិរបបសន្តិសុខសង្គម និងមន្ត្រី បុគ្គលិក នៃក្រសួងសុខាភិបាល គប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការផ្តល់ និងបម្រើសេវាសាធារណៈឲ្យបានពេញលេញ មានក្រមសីលធម៌ល្អ មានភាពទទួលខុសត្រូវចំពោះការងារ គោរពតួនាទីភារកិច្ច និងមានព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិការស្មោះត្រង់ យោគយល់ឱ្យគ្នាទៅវិញទៅមក។ សូមបញ្ជាក់ថា នៅក្នុងខេត្តព្រះសីហនុ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន ១៦កន្លែង រួមមានមន្ទីរពេទ្យបង្អែកខេត្តចំនួន១ គឺ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងមណ្ឌលសុខភាពចំនួន ១៥ គឺ មណ្ឌលសុខភាពក្រុងព្រះសីហនុ, មណ្ឌលសុខភាពសង្កាត់១, មណ្ឌលសុខភាពវាលរេញ, មណ្ឌលសុខភាពអណ្តូងថ្ម, មណ្ឌលសុខភាពទឹកល្អក់, មណ្ឌលសុខភាពទួលទទឹង, មណ្ឌលសុខភាពស្ទឹងហាវ, មណ្ឌលសុខភាព ហ៊ុនសែន កែវផុស, មណ្ឌលសុខភាពជើងគោ,មណ្ឌលសុខភាពអូរឧកញ៉ាហេង, មណ្ឌលសុខភាពអូរជ្រៅ, មណ្ឌលសុខភាពអូរតាសេក, មណ្ឌលសុខភាពតក្កវិទ,មណ្ឌលសុខភាពរាម, មណ្ឌលសុខភាពព្រៃនប់។ នៅចុងឆ្នាំ២០១៧នេះ ក្រសួងការងារ គ្រោងនិងដាក់ឱ្យដំណើរការនូវរបបសោធននិវត្តសម្រាប់កម្មករនិយោជិត។ ផ្អែកតាមច្បាប់សន្តិសុខសង្គម កម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន ជាពិសេស កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រកាត់ដេរ នឹងទទួលបានប្រាក់ខែចូលនិវត្ត នៅពេលដែលពួកគាត់មានអាយុចាប់ពី ៥៥ឆ្នាំ ឡើងទៅ។