Print this page

ដំណើរទស្សនកិច្ចជាផ្លូវការនៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

 Wednesday, 22 March 2017 20:24  |    Written by MLVT  |  3971 times

ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានដឹកនាំគណៈប្រតិភូដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ក្នុងដំណើរទស្សកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Dao Ngoc Dung រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះ ភាគីទាំងពីរបាន សំដែងនូវការកោតសរសើរពីគ្នាទៅវិញទៅមកលើ ការងារទាំងឡាយដែលភាគីទាំងពីរបានខិតខំសហប្រតិបត្តិការជាមួយគ្នាប្រកបដោយ មិត្តភាព សាមគ្គីភាព ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរស្របទៅ តាមការចង់បានរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលចង់ឱ្យសេដ្ឋកិច្ចរីក ចំរើនជឿនលឿន តាមរយៈការពង្រឹងនិងពង្រីកនូវវិស័យពាណិជ្ជកម្ម និងវិនិយោគលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៍ចំបងមួយក្នុងការគាំទ្រទៅដល់វិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរនោះ ភាគីទាំងពីរបានឯកភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដើម្បីរួមគ្នាឆ្ពោះទៅ សម្រេចឱ្យបាននូវការលើកទឹកចិត្ត ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងប្រទេសទាំងពីរនៅក្នុងវិស័យការងារ ដូចតទៅ៖

១. ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំង (តែមិនកំណត់ត្រឹម) ការសិក្សាប្រៀបធៀបលើ វិស័យការងារ មុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា ការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុខភាពនិងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិត ភាពការងារ។

២. ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។

៣.ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។

៤.ការផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។

៥.ផ្នែកផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការដែលភាគី ទាំងពីរ បានព្រមព្រៀងគ្នាលើវិស័យការងារ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងសហការគ្នាក្នុងការអភិវឌ្ឍមុខ ជំនាញ ចំណេះដឹង និងការចែករំលែកបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពជំនាញហត្ថពលកម្ម និងពង្រឹងផលិតភាពការងារ។ ភាគីទាំងពីរក៏បានឯកភាពគ្នាដើម្បីសហប្រតិបត្តិការលើការគ្រប់គ្រងពលករទេសន្តរប្រវេសន៍ ដែលបានធ្វើចំណាកស្រុកមកធ្វើការទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនឹងអនុវត្តតាមរយៈការផ្លាស់ប្តូរព័ត៌មានជាប្រចាំសី្តពីស្ថានភាពវិស័យការងារនៃប្រទេស ទាំងពីរ ដែលកំពុងបម្រើការងារលើទឹកដីនៃប្រទេសមួយទៀត។ ភាគីទាំងពីរនឹងសម្រួលដល់ពលករតាមព្រំដែន ក្នុងការដាក់ពាក្យស្នើសុំឯកសារធ្វើការស្របច្បាប់ដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិនានា ព្រមទាំងបង្កនូវលក្ខខណ្ឌងាយស្រួលដល់ពលករដែលទទួលបានឯកសារធ្វើការស្របច្បាប់ ដើម្បីអាចបន្តការស្នាក់នៅ និងធ្វើ ការស្របច្បាប់។