Print this page

ជំនួបពិភាក្សាការងារ ស្តីពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ ដោះស្រាយវិវាទការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា

 Thursday, 02 March 2017 17:20  |    Written by MLVT  |  3892 times

នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មាធិការយុត្តិធម៌ការងារប្រទេសអូស្រ្តាលី ដឹកនាំដោយលោក Josh Bornstein ចូលជួបសម្តែងការគួរសមពិភាក្សាការងារ និងជូនពីលទ្ធផលនៃសន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្តីពីការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ ដោះស្រាយវិវាទការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលបានប្រព្រឹត្ត ទៅកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះ។ ភាគីអូស្រ្តាលីបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចំរើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពដែលកម្ពុជាខិតខំសម្រេចបាន នូវការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ព្រមទាំងសន្យានឹងបន្តភាពជាដៃគូរយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្ថែមទៀត។ ឯកឧត្តម រដ្ឋមន្រ្តីបានលើកពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈកម្មាធិការយុត្តិធម៌ការងារប្រទេសអូស្រ្តាលី តាមរយៈអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងមក ពិតជាបានរួមចំណែកធ្វើឱ្យសម្រេចបាននូវលទ្ធផល នេះផងដែរ។ ក្រសួងនឹងបន្តការងារដើម្បីឈានទៅ សម្រេចបានសេចក្តីព្រាងច្បាប់ស្តីពី នីតិវិធីជំរះក្តីវិវាទការងារចុងក្រោយ ឱ្យបានឆាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ កម្ពុជានាពេលបច្ចុប្បន្ន ដែលត្រូវតែពង្រឹង និងផ្តល់សិទ្ធិអំណាចបន្ថែមទៀត ដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដ៏មាន ប្រសិទ្ធភាព មុននឹងសំណុំរឿងវិវាទការងារ បញ្ជូនទៅតុលាការការងារ។