នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអព្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីការ បង្កើតរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រី សាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយ និងស្នើសុំព្រះហស្តលេខាពីព្រះមហាក្សត្រ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា លើព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨។ ព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះ៖
១-មន្រ្តីសាធារណៈ រួមមាន៖ មន្រ្តីរាជការក្នុងក្របខណ្ឌមុខងារ សាធារណៈ ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នអង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីសហ លក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជាមន្រ្តីរាជការដែល បម្រើការងារនៅក្នុងស្ថាប័នតុលាការ ជាមន្រ្តីនគរបាលជាតិ ជាមន្រ្តីជាប់កិច្ចសន្យាដែលបម្រើការនៅតាមក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ពីក្រសួងមុខងារសាធារណៈ។
២-អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន
៣-មន្រ្តីសាធារណៈក្រៅពីចំណុចខាងលើ និងអ្នកក្នុងបន្ទុកដែលនឹងត្រូវកំណត់ដោយអនុក្រឹត្យដោយផ្អែកលើ ស្ថានភាពសង្គមនិងសេដ្ឋកិច្ចជាក់ស្តែង។ ចំពោះរបបសន្តិសុខសង្គមសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទនឹងមានការកំណត់ក្នុងលិខិតបទដ្ឋានគតិ យុត្តដោយឡែក។ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងបង្កើតឱ្យមានការធានារ៉ាប់រងសង្គមជាផ្លូវការ មិនថាចំពោះមន្រ្តីសាធារណៈ អតីតមន្រ្តីរាជការនិងអតីតយុទ្ធជន ឬកម្មករនិយោជិតនោះឡើយ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចគ្នាៗ។ សមិទ្ធផលទាំងឡាយដែល យើងមានសព្វថ្ងៃនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងមានការចូលរួមសហការពីបណ្តាដៃគូអភិវឌ្ឍ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត។ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍ដល់បេឡាជាតិរបបសន្តិសុខសង្គម ត្រៀមរៀបចំដាក់ឱ្យដំណើរការរបប សន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព និងក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំ ដាក់ឱ្យអនុវត្តបានក្នុងឆ្នាំ២០១៧ នេះ ដូចខាងក្រោម៖
1-បន្តជំរុញរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការ ផ្តល់តាវកាលិក
2-បន្តជំរុញរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទាន
3-បន្តរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី ដំណាក់កាលនិងកាលបរិច្ឆេទជាក់លាក់
4-បន្តរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត
5-ក្រសួង ស្ថាបន័ពាក់ព័ន្ធ សូមសហការផ្តល់ទិន្នន័យមន្រ្តី សាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន មកបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីបញ្ជូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។