កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣១ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ ក៏បានពិភាក្សាពីការត្រៀមរៀបចំវិធីសម្រស់ឯកវាយនភណ្ឌ២០១៧ ក្នុងគោលបំណងបង្កបរិយាកាស សប្បាយរីករាយដល់បងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។ ក្រសួងត្រៀមសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ស្ថានីយទូរទស្សន៍បាយ័ន អង្គការវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានា រៀបចំ “កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧” នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧។