Print this page

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាឆ្នាំ២០១៦-២០១៩

 Monday, 16 January 2017 12:31  |    Written by MLVT  |  2900 times

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាឆ្នាំ២០១៦-២០១៩ នៅទីស្តីការក្រសួង។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការបានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុង អនុវត្តតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើកំណែទម្រង់គ្រប់វិស័យ។ សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានធានារឹងមាំដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនថេរជាមធ្យមប្រចាំឆ្នាំ៧% អត្រាភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម១៣,៥% និងអត្រាអត់ការងារធ្វើចំនួន០,៧%។ កម្ពុជាបានប្តូរពីរប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញាក្នុងឆ្នាំ២០១៦ កន្លងមកនេះ បានខិតខំយកចិត្តទុកដាក់ដោះស្រាយនូវរាល់បញ្ហាកូដកម្ម បាតុកម្ម សំដៅបង្កេីនប្រសិទ្ធភាពការងារក្នុងការលេីកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ពង្រឹងនីតិរដ្ឋ និងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋាននានា ដើម្បីភាពសុខដុម្យរម្យនា សំដៅបង្កើនជីវភាពរបស់ប្រជាជនឱ្យបានកាន់តែប្រសើរឡើង។ ការតម្លើងប្រាក់ឈ្នួលអប្បរមា ចំនួន ១៥៣ ដុល្លា រួមនិងប្រាក់អត្ថប្រយោជន៍បងប្អូនកម្មករបានទទួលពី១៧០ ដុល្លា ទៅ១៨១ដុល្លា សម្រាប់ឆ្នាំ២០១៧។ របបគ្រោះថ្នាក់ការងារបានផ្តល់សេវាទាន់ពេលវេលា របបថែទាំសុខភាពបានចាប់ដំណើរការដោយជោគជយ័ ថ្លៃ អគ្គីសនី ថ្លៃទឹកស្អាត កម្មករបានប្រើប្រាស់ដោយតម្លៃថោក ការគ្រប់គ្រងថ្លៃជួលផ្ទះ ការតំឡើងកំរឹតប្រាក់ខែជាប់ពន្ធដល់មួយលានរៀលឡើងទៅ ដែលបានជួយសម្រួលជាច្រើនដល់ជីវភាពកម្មករ និងធ្វើឲ្យបរិយាសកាសការងារមានភាពល្អប្រសើរ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ សូមថ្លែងអំណរគុណចំពោះគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មរាជធានី ខេត្ត ដែលក្នុងរយៈពេលកន្លងមក បានយកចិត្តទុកដាក់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើអោយប្រជាជន ជាពិសេសកម្មករនិយោជិត មានភាពកក់ក្តៅក្នុងការប្រកបរបរអាជីវកម្ម និងធ្វើការ ប្រកបដោយភាពសុខសាន្ត។ ជាមួយនេះ ក៏បានស្នើដល់គណៈកម្មការរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តនូវភារកិច្ចនេះបន្តទៀត ដើម្បីលើកកម្ពស់នូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងជីវភាពរបស់ប្រជាជនបានកាន់តែល្អប្រសើរថែមទៀត។