Print this page

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ២០១៦-២០២៥

 Thursday, 29 December 2016 10:40  |    Written by MLVT  |  3041 times

ទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ២០១៦-២០២៥។ ពិធីនេះ គឺជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់ ដែលបានឆ្លុះបញ្ជាំងនូវសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដែលបានដាក់ចេញនូវផែនការសកម្មភាពជាតិនេះ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ឆ្លើយតបទៅនឹងអនុសញ្ញាលេខ១៨២ របស់អង្គការអន្តរជាតិខាងការងារស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ(២០១៦-២០២៥) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបច្ចុប្បន្នកម្មទៅលើផែនការសកម្មភាពជាតិស្តីពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ(២០០៨-២០១២) ដែលជាសក្ខីកម្មមួយឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងពលកម្មកុមារ និងការពារឧត្តមប្រយោជន៍របស់កុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងកៀងគរគ្រប់ភាគីពាក់ព័ន្ធចូលរួមកាន់តែសកម្ម ដើម្បីឆ្ពោះទៅសម្រេចឱ្យបានតាមគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចិរភាព (២០១៥-២០៣០)។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ (២០១៦-២០២៥) នឹងផ្តល់ជាត្រីវិស័យតម្រង់ទិសដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរ ស្តីពីបញ្ហាពលកម្មកុមារនៅប្រទេសកម្ពុជា និងផ្តល់ជាកម្លាំងចលករជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចិរភាព (២០១៥-២០៣០) ដែលកំណត់បញ្ចប់គ្រប់ទម្រង់នៃពលកម្មកុមារនៅឆ្នាំ២០២៥ និងសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់នឹងប្រើប្រាស់ផែនការសកម្មភាពជាតិនេះ កសាងជាកម្មវិធីលម្អិតគ្រប់ជ្រុងជ្រោយ សម្រាប់ការបំពេញបេសកកម្មរៀងៗខ្លួនឱ្យបានទទួលជោគជ័យ។