Print this page

ពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការចុះបញ្ជីសហជីព”

 Saturday, 03 December 2016 09:18  |    Written by MLVT  |  9311 times

នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការចុះបញ្ជីសហជីព” ក្នុងគោលបំណងផ្សព្វផ្សាយ និងពន្យល់បន្ថែមអំពីដំណើរការនិងតួនាទីភារកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំង២៥ រាជធានី ខេត្ត ពាក់ព័ន្ធនឹងការចុះបញ្ជីសហជីព ព្រមទាំងទទួលបានចំណេះដឹងបន្ថែម និងចូលរួមផ្លាស់ប្តូរមតិយោបល់ ក្នុងការអនុវត្តច្បាប់ស្តីពីសហជីពឱ្យកាន់តែមានប្រសិទ្ធភាពជាពិសេស គឺការចុះបញ្ជីអង្គការវិជ្ជាជីវៈ។ ជាការណែនាំដល់មន្ត្រីទទួលបន្ទុកចុះបញ្ជីទាំងអស់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញប្រកាសចំនួន០៤ ពាក់ព័ន្ធនឹងការចុះបញ្ជីសហជីព ដូចខាងក្រោម៖ ១-ប្រកាសលេខ២៤៩ ក.ប/ប្រ.ក ស្តីពីការចុះបញ្ជីសហជីព និងសមាគមនិយោជក ២-ប្រកាសលេខ២៥០ ក.ប/ប្រ.ក ស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព ៣-ប្រកាសលេខ២៥១ ក.ប/ប្រ.ក ប្រកាសស្តីពីនីតិវិធីធ្វើឧបាស្រ័យលើចំណាត់ការរបស់មន្ត្រីដែលទទួលបានប្រតិភូកម្មមុខងារក្នុងការអនុវត្តច្បាប់ស្តីពីសហជីព ៤-ប្រកាសលេខ៣៦២ ក.ប/ប្រ.ក ប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការធ្វើបណ្តឹងអំពីវិវាទការងាររួម និងចេញលិខិតទទួលស្គាល់ប្រតិភូក្រុមប្រឹក្សាចរចា។ គោលបំណងនៃប្រកាសទាំង០៤ ផ្តោតសំខាន់លើនីតិវិធី និងចំណាត់ការចុះបញ្ជីសហជីព និងសមាគមនិយោជក ដែលមន្ត្រីទទួលបន្ទុកចុះបញ្ជីចាំបាច់ត្រូវយល់ដឹងឱ្យបានច្បាស់ ដើម្បីអនុវត្តតួនាទី ភារកិច្ចក្នុងការចុះបញ្ជីសហជីព និងសមាគមឱ្យកាន់តែមានភាពច្បាស់លាស់ និងល្អប្រសើរជាងមុន។ សូមរំលឹកថា ច្បាប់ស្តីពីសហជីពត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។ ច្បាប់ស្តីពីសហជីពនេះ មានគោលបំណង៖ ១-ផ្តល់សិទ្ធិនិងសេរីភាពដល់សហគ្រាស ឬគ្រឹះស្ថាននិងជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ២-ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនិងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងផ្លូវសមុទ្រ។ ធានានូវសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ព្រមទាំងជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ ៕