ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកអគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នាទីស្តីការក្រសួង។ លោកអគ្គនាយកក្រុមហ៊ុន បានសំដែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រយ៉ាងកក់ក្តៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនង់វិជ្ជាជីវៈ ដែលបានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទទួលបាននូវជំនឿទុកចិត្ត រួមទាំងការទាក់ទាញអ្នកវិនិយោគ ធ្វើឱ្យក្រុមហ៊ុន មានការវិវត្តន៍រីកចំរើនជាខ្លាំង ដែលបច្ចុប្បន្ននេះមានក្រុមហ៊ុនវិនិយោគ បានកើនឡើងដល់ ១០៥ក្រុមហ៊ុន ផ្តល់ការងារជូនកម្មករនិយោជិត ប្រមាណ ១៦ ០០០ នាក់ ហើយជាគោលដៅនាពេលអនាគត នឹងបង្កើនផ្តល់ការងារជូនកម្មករនិយោជិតប្រមាណ ១០មឺុននាក់។ ជាងនេះទៅទៀតលោកអគ្គនាយកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អលើគម្រោងសាងសង់មជ្ឈម ណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជិតបញ្ចប់នាពេលឆាប់ៗនេះ។ ថ្លែងក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះក្រុមហ៊ុន ដែលបានសហការយ៉ាងល្អជាមួយគ្រប់ភាគីទាំងអស់ ជាពិសេសមន្រ្តីនៅច្រកចេញចូលតែមួយ និងអាជ្ញាធរដែនដី ។ ឯកឧត្តមបានចាត់ទុកថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាសួនឧស្សាហកម្មគ្រប់ជ្រុងជ្រោយមួយ ដែលអាចជាគំរូដល់តំបន់សេដ្ឋកិច្ចពិសេសនានានៅព្រះរាជាណាចក្រកម្ពុជា ព្រោះថាមិនត្រឹមតែមានប្រព័ន្ធគ្រប់គ្រងល្អទេ ថែមទាំងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ផ្តល់ជំនាញជូនដល់កម្មករនិយោជិត នាពេលអនាគត។ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់សហការឱ្យបានល្អបន្តទៀត ព្រមទាំងចូលរួមជួយផ្សព្វផ្សាយច្បាប់ស្តីពីសហជីព និងសំណូមពរឱ្យយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពការងាររបស់កម្មករនិយោជិត ជាពិសេសសុវត្ថិភាពដឹកជញ្ជូនកម្មករនិយោជិត ព្រមទាំងចូលរួមគាំទ្រដល់ការអនុវត្តរបបធានារ៉ាប់រងសុខភាពជូនកម្មករនិយោជិត របស់បេឡាជាតិរបបសន្តិសុខសង្គម។ លោកអគ្គនាយកក្រុមហ៊ុនបានស្វាគមន៍ និងសន្យាចូលរួមសហការអនុវត្តទៅតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីឱ្យបានល្អប្រសើរ។ ក្រុមហ៊ុននឹងសហការចូលរួមផងដែរ នៅក្នុងពិព័រណ៍ការងារ និងយុទ្ធនាការបង្កើនផលិតភាព ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវីវៈគ្រោងនឹងរៀបចំនៅក្នុងខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងបញ្ចប់លោកអគ្គនាយកគ្រោង នឹងអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ជាពិសេសការទាក់ទាញដល់ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមតំបន់សេដ្ឋពិសេសផងដែរ៕