(សិង្ហបុរី)៖ ឯកឧត្តម ធាង ស៊ាងវេង អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ និងជាប្រធាន ឧត្តមមន្រ្តីការងារកម្ពុជា បានដឹកនាំប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ (20th SLOM) និងកិច្ចប្រជុំ ឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២២ (22th SLOM+3) នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងសិង្ហបុរី ប្រទេសសិង្ហបុរី។
កិច្ចប្រជុំទាំងពីរនេះ ត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងដឹកនាំដោយក្រសួងធនធានមនុស្ស នៃប្រទេសសិង្ហបុរី ក្នុងនាមជាប្រធានប្តូរវេននៃ SLOM ឆ្នាំ២០២៤-២០២៦ ហើយមានការចូលរួមពីឧត្តមមន្រ្តីការងារនៃរដ្ឋសមាជិកអាស៊ានទាំងអស់ ឧត្តមមន្រ្តី ការងារនៃប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លេខាធិការដ្ឋានអាស៊ាន អង្គភាព តាមវិស័យក្រោម SLOM និងភាគីពាក់ព័ន្ធផ្សេងៗទៀត ប្រមាណ១០០នាក់។
នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពការងារ និងសកម្មភាពរបស់អង្គភាពតាមវិស័យក្រោមដែនអាណត្តិរបស់ SLOM ដូចជា ACMW, SLOM-WG, ASEAN-OSHNET, AQRF, ATC និងលទ្ធផលកិច្ចប្រជុំអាស៊ាន ពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ អង្គប្រជុំក៏បានពិនិត្យលើឯកសារអាស៊ានសំខាន់ៗ ក្នុងវិស័យការងារ ក៏ដូចជាពិភាក្សាលើមតិយោបល់ និងចំណុចអាទិភាព ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារ និងសកម្មភាពក្រោមផែនការការងារ SLOM និងការអភិវឌ្ឍវិស័យការងារ នៅក្នុងតំបន់អាស៊ាន។
ក្នុងនោះផងដែរ ឯកឧត្តម ធាង ស៊ាងវេង ក្នុងនាមជាប្រធានប្រតិភូ SLOM កម្ពុជា បានជម្រាបជូន អង្គប្រជុំផង ពីដំណើរនៃការរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ទេសន្តរប្រវេសន្តករក្នុងអាស៊ាន ដែលជាគំនិត ផ្តួចផ្តើមរបស់កម្ពុជា។ ជាកិច្ចការសម្រេចបាន គោលការណ៍ណែនាំអាស៊ាននេះ បានទទួល ការអនុម័តក្នុងកម្រិតរដ្ឋមន្ត្រីការងារអាស៊ាន និងដាក់ឱ្យកត់សម្គាល់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងទី៤៥ រួចរាល់។ ប្រធានប្រតិភូ SLOM កម្ពុជា បានបន្តជំរុញនិងលើកទឹកចិត្ត ឱ្យរដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងការប្រើប្រាស់ឯកសារណែនាំនេះ ជាយន្តការ និងក្របខ័ណ្ឌ ការងារយ៉ាងសំខាន់ក្នុងការចរចារកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីចល័តភាពរបបសន្តិសុខសង្គម ដើម្បីធានាបានថា ទេសន្តរប្រវេសន្តករអាស៊ាន អាចទទួលបានអត្ថប្រយោជន៍ពេញលេញដែលខ្លួនគួរទទួលបាន។
សម្រាប់កិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២២ អង្គប្រជុំបានស្វាគមន៍ និងថ្លែងអំណរគុណដល់ប្រទេសចិន ជប៉ុន និងកូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការ ដ៏ស្អិតរមួតនាពេលកន្លងមក។ អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តផែនការ ការងារនៃកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី ឆ្នាំ២០២១-២០២៥ ជាពិសេសគម្រោង និងសកម្មភាពដែលបានកំពុង និងគ្រោងនឹងអនុវត្តក្នុងក្របខ័ណ្ឌអាស៊ានបូកបី ក៏ដូចជា បញ្ហា ផ្សេងៗទៀត ដែលជាអាទិភាពរបស់បណ្តារដ្ឋសមាជិកអាស៊ាន និងប្រទេសបូកបី។
ជាកិច្ចបញ្ចប់កម្ពុជា តាងនាមជាម្ចាស់ផ្ទះប្តូរវេន បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ និងកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានបូកបីលើកទី២៣ សម្រាប់ឆ្នាំ២០២៥ ដែលមានសិង្ហបុរី និងថៃ ជាប្រធាន និងអនុប្រធាន៕
#MLVT #HENGSour