នៅព្រឹកថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយប្រាក់ឈ្នួលដែលមានរយៈពេលពីរថ្ងៃគឺថ្ងៃទី១៩-២០មិថុនា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ(ILO) ក្នុងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តុះនេះទ្បើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីខ្លឹមសារនៃសៀវភៅមគ្គុទេសក៍ស្តីពី គោលនយោបាយប្រាក់ឈ្នួលអប្បបរមា របស់អង្គការ ILO ដែលនឹងផ្តល់ចំនេះដឹងថ្មីៗ អំពីគោលការណ៍នៃការកំណត់ប្រាក់ឈ្នួលអប្បបរមាប្រកបដោយប្រសិទ្ធិភាព និងផ្តល់ជាបទពិសោធន៍ពាក់ព័ន្ធនឹងប្រព័ន្ធនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់ប្រទេសនានាជុំវិញពិភពលោក។ ឯកឧត្តមបណ្ឌិតបន្ថែមថាស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល ៥ឆ្នាំ ២០១៤-២០១៨ ដែលក្នុងនោះ ឯកឧត្តមបានលើកយកតែអាទិភាពទី១ គឺការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។ លក្ខខណ្ឌការងារត្រូវបានកែលម្អជាបន្តបន្ទាប់ ដូចជា៖ បានដំទ្បើងកម្រិតអប្បបរមានៃប្រាក់បៀវត្សជាប់ពន្ធឱ្យទ្បើងដល់ ១លានរៀល និងលើកលែងពន្ធលើអត្ថប្រយោជន៍បន្ថែមដូចជា សោហ៊ុយធ្វើដំណើរ កន្លែងស្នាក់នៅ ប្រាក់ថ្លៃបាយ របបបេទ្បាជាតិសន្តិសុខសង្គម ប្រាក់ឧបត្ថម្ភទារក ឬចំណាយទារកដ្ឋាន និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានតភ្ជាប់បណ្តាញអគ្គិសនីដែលមានតម្លៃទាបជូនកម្មករនិយោជិត សិស្ស និស្សិត នៅតាមផ្ទះជួលក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយបានភ្ជាប់បណ្តាញទឹកស្អាត ព្រមទាំងបានផ្តល់សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស ដែលបានសម្រាលកូននៅមូលដ្ឋាន សុខាភិបាលដែលមិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ទៀតផង។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលបានបន្តដំទ្បើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងបានកើនទ្បើងដល់១៥៣ដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៧នេះ ដោយបូករួមទាំងប្រាក់រង្វាន់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាពទៀតនោះ កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលចាប់ពី ១៧០ដុល្លារអាមេរិក ទៅ១៨១ ដុល្លារអាមេរិកក្នុងមួយខែ។ កម្រិតប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជាបច្ចុប្បន្ននេះ ខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងមួយចំនួនដូចជា ប្រទេសបង់ក្លាដែស ស្រីលង្ការ មីយ៉ាន់ម៉ា ឥណ្ឌា ឡាវ និងតំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី និងវៀតណាម។ ចាប់តាំងពីឆ្នាំ២០១៤មក អង្គការ ILO បានផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងដំណើរការក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា តាមរយៈការសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំសិក្ខាសាលាត្រី ភាគីថ្នាក់ជាតិមួយកាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤ ដែលជា លទ្ធផល ភាគីពាក់ព័ន្ធក៏ដូចជាគណៈកម្មការប្រឹក្សាការងារបានទទួលយកនូវគោលការណ៍ចំនួន៥ និងលក្ខណវិនិច្ឆ័យចំនួន៧សម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានជម្រាបភាគីចរចាទាំងអស់ឱ្យបាន ជ្រាបផងដែរថា ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ នឹងត្រូវធ្វើឡើងតាមកាលវិភាគ ដែលបានឯកភាពគ្នាជាឯកច្ឆ័ន្ទកាលពីឆ្នាំ២០១៤ គឺនៅខែកក្កដាខាងមុខនេះ ភាគីនីមួយៗនឹងចាប់ផ្តើមពិភាក្សាផ្ទៃក្នុង, ខែសីហានឹងប្រជុំពិភាក្សាទ្វេភាគី, ខែកញ្ញានឹងប្រជុំពិភាក្សាត្រីភាគី និងដើមខែតុលា នឹងសម្រេចប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។ ឯកឧត្តមបណ្ឌិតជឿជាក់ថាភាគីពាក់ព័ន្ធទាំងអស់នឹងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅថ្លឹងថ្លែង ដើម្បីអនុវត្តឱ្យស្របតាមបរិបទសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ហើយឯកឧត្តមក៏សង្ឈឹមផងដែរថាភាគីពាក់ព័ន្ធនឹងនៅតែបន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយគ្នា សំដៅពង្រឹងនូវយន្តការកំណត់ប្រាក់ឈ្នួលនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងកាន់តែល្អប្រសើរបន្តទៀត។