(ភ្នំពេញ,ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩)៖ ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ និងការស្វែងរកមូលនិធិដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ជា ព្រមទាំងចូលរួមអបអរសាទរខួបលើកទី១០០ឆ្នាំនៃ ការបង្កើតអង្គការអន្តរជាតិខាងការងារ(ILO) និងខួបទី៥០នៃការចូលជាសមាជិកភាពរបស់កម្ពុជាក្នុងអង្គការ ILO ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រមាណជាង៤០០នាក់ បានចូលរួម ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៩(The Phnom Penh International Half Marathon)នៅមុខព្រះបរមរាជវាំង។
ក្នុងកម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីស្ដីទី និងឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានវត្តមានចូលរួមរបស់លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ តំណាងសមាគមនិយោជកកម្ពុជា តំណាងសហជីពកម្មករ-និយោជិត រួមទាំងស្ថាប័នរដ្ឋ វិស័យឯកជន បុគ្គលិកអង្គការILO និងអង្គការសហប្រជាជាតិ បុគ្គលិកអង្គការសមាគមសរុប ៦០០០នាក់។ យោងតាមមន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ចំនួននេះ កើនឡើង២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។
ក្រៅពីពលរដ្ឋខ្មែរ ជនបរទេសជាង៥០០នាក់ មកពី៣៥សញ្ជាតិផ្សេងៗគ្នា បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយចិន ជប៉ុន ហ្វីលីពីន មានចំនួនច្រើនជាងគេ។ ព្រឹត្តិការណ៍នេះ ក៏ជាការលើកកម្ពស់ទីក្រុងស្អាត និងបៃតង ការជម្រុញឲ្យភ្នំពេញក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញ និងការរត់ឆ្ពោះទៅកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ចម្ងាយរត់ត្រូវបែងចែកជាបីប្រភេទ ក្នុងនោះ មានចម្ងាយ៣គីឡូម៉ែត្រដែលជាការរត់បែបកម្សាន្ត ចម្ងាយ១០គីឡូម៉ែត្រ និងចម្ងាយ២១គីឡូម៉ែត្រ៕